ពេលនេះកញ្ញា អាង សុជាតា ហៅ ឈូឈូ ដែលត្រូវជាកូនស្រីរបស់តារាសម្តែង សឿន ផាន់ផាភួង កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីនាងបានឡើងកំដៅខ្លាំងរហូតដល់ជួលទន់ដៃទន់ជើង តែសំណាងល្អបានមិតភក្តិក្បែរខ្លួនទប់ជាប់ និងបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីតាមដានសុខភាព ។
តារាសម្តែង សឿន ផាន់ផាភួង មួយរយៈពេលនេះមានយីអ៊ុន មិនសូវល្អប៉ុន្មានទេ កាលពីសប្តាហ៍មុនម្តាយរបស់នាងចូលពេទ្យសង្រ្គោះបន្ទាន់ ពេលនេះកូនស្រី អាង សុជាតា ហៅ ឈូឈូ ក៏ចូលពេទ្យទៀត ធ្វើឱ្យនាងក្រពុលមុខខ្លាំងតែម្តង ។
សឿន ផាន់ផាភួង បានប្រាប់ថា នាងមានការព្រួយបារម្ភចំពោះកូនស្រីខ្លួនខ្លាំងណាស់ ព្រោះមួយរយៈនេះ ឈូឈូ ប្រឹងធ្វើការពេក នាងត្រូវចេញទៅថតនៅខេត្តឆ្ងាយៗទាំងយប់ទាំងថ្ងៃ រកពេលវេលាសម្រាកគ្មាន ទោះបីជាឈឺក៏នាងមិនដែលត្អូញត្អែរដែរ នាងប្រឹងធ្វើការងាររហូតដល់ដួលបែបនេះ កូនម្នាក់ហ្នឹងស៊ូណាស់ ដល់ដួលសន្លប់បានដឹងថា គាត់ឈឺ ។
ឈូឈូ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជនមួយ គ្រូពេទ្យត្រូវតាមដានសុខភាពនាងជាបន្តទៀត ពីព្រោះកំដៅរបស់នាងនៅឡើងខ្លាំង ពុំថមថយសោះ ។ សឿន ផាន់ផាភួង បានបន្ថែមទៀតថា នៅពុំទាន់ដឹងច្បាស់ថា ឈូឈូ មានជំងឺអ្វីនោះទេ ព្រោះកំពុងរងចាំលទ្ធផលពិនិត្យឈាមសិន តែជំហានដំបូងនេះនាងខ្លាចតែកូនស្រីមានជំងឺ គ្រុនឈាម ដោយសារមួយរយៈពេលនេះនាងឧស្សាហ៍ថតនៅខេត្តឆ្ងាយៗ និងមានព្រៃស្តុក ។
សឿន ផាន់ផាភួង ក៏កំពុងក្រពុលមុខខ្លាំងផងដែរ ព្រោះក្នុងសប្តាហ៍នេះនាងត្រូវចំណាយប្រាក់ច្រើនទាំងការមើលថែម្តាយរបស់ខ្លួនផង ហើយពេលនេះត្រូវចំណាយលើកូនស្រីផង ប៉ុន្តែរឿងនេះមិនជាថ្វីនោះទេ ជីវិតត្រូវតែប្រឹងប្រែងបែបនេះ សំខាន់ត្រូវព្យាបាលមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនឱ្យជាសិន ។
សិល្បករសិល្បការិនីជាច្រើនបានផ្ញើសារជូនពរនិងផ្តល់កម្លាំងចិត្តដល់ សឿន ផាន់ផាភួង និងជូនពរ ឈូឈូ ឆាប់ជាពីជំងឺ ៕