គួរឱ្យសរសើរតារាសម្តែង គីញ វិច្ឆិកា ណាស់ បើទោះបីជានាងកំពុងមានផ្ទៃពោះកូនទី ២ ប៉ុន្តែនាងសុខចិត្តទិញសំបុត្រហោះពី សហរដ្ឋអាមេរិក មកស្រុក ខ្មែរ ដើម្បីទទួលសញ្ញាប័ត្រដែលខ្លួនបានខំប្រឹងប្រែងរៀនអស់ជាច្រើនឆ្នាំ ។
គីញ វិច្ឆិកា គឺជាតួឯកស្រីល្បីឈ្មោះមួយរូបក្នុងរឿង « លោកគ្រូប្រពន្ធល្អ » ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ប៉ុន្តែមានទស្សនិកជនតិចតួចណាស់ដែលបានដឹងពីប្រវត្តិរបស់នាង ជាពិសេសគឺនាងបានរៀបការមានគ្រួសារ និងមានកូនប្រុសម្នាក់រួចទៅហើយនៅ សហរដ្ឋអាមេរិក ហើយថ្មីៗនេះនាងកំពុងពពោះកូនទី ២ ជាបន្តទៀតផងដែរ ។
គីង វិច្ឆិកា បានចុះមកស្រុក ខ្មែរម្តងរួចមកហើយកាលពីបំណាច់ឆ្នាំ ២០២២ ខណៈពេលដែលរឿង « លោកគ្រូប្រពន្ធល្អ » ដែលជាស្នាដៃរបស់នាងបានដាក់សម្ពោធបញ្ចាំងនៅរោងភាពយន្ត នាពេលនោះ គីង វិច្ឆិកា ធ្លាប់បានប្រាប់ថា បើមានឱកាសល្អ នាងតែបន្តអាជីពសិល្បៈដូចដើម ពីព្រោះអាជីពនេះបានធ្វើឱ្យនាងមានមុខមាត់ដូចសព្វថ្ងៃ ។
ថ្មីៗនេះផងដែរ គីង វិច្ឆិកា បានហោះមកស្រុក ខ្មែរ ជាថ្មីម្តងទៀតជាមួយកូនប្រុសខ្លួន ដោយវត្តមានរបស់នាងលើកនេះមិនមែនមកចូលរួមថតភាពយន្ត ឬថតម៉ូដដូចពេលមុនៗទេ ផ្ទុយទៅវិញនាងមកលើកនេះក្នុងគោលបំណង ទទួលសញ្ញាប័ត្រ ។
គីង វិច្ឆិកា បាននិយាយថា « ពេលវេលាដែលខ្ញុំបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ វាពិតជាមានន័យណាស់សម្រាប់ខ្ញុំ សម្រាប់ការតស៊ូ ប្រឹងប្រែង រហូតមកដល់ពេលនេះ អរគុណខ្លួនឯង ដែលអាចបំពេញគោលបំណងសម្រេចដល់គោលដៅក្នុង រយៈពេល 4 ឆ្នាំ » ។
គីង វិច្ឆិកា នឹងត្រឡប់ទៅ សហរដ្ឋអាមេរិក វិញនៅខេត្តក្រោយ ប៉ុន្តែបើមានពេលទំនេរ និងមានឱកាសល្អ នាងឆ្លៀតនឹងទទួលការងារសម្តែង ឬ ថតម៉ូដ ដើម្បីទុកជាអនុស្សាវរីយ៍ ណាមួយពោះរបស់នាងពេលនេះក៏មិនទាន់ខ្ទាតធំប៉ុន្មានដែរ ។
គួរបញ្ជាក់ផងដែរថាតារាសម្តែង គីង វិច្ឆិកា បានចេញទៅរស់នៅ សហរដ្ឋអាមេរិក ជាងពីរឆ្នាំមកហើយ ហើយនាងមានគម្រោងនឹងបើកហាងអាហារជាច្រើនកន្លែងទាំងនៅ សហរដ្ឋអាមេរិក ក៏ដូចជានៅស្រុក ខ្មែរ ៕