គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ដែលបំភ្លៃការពិត មួលបង្កាច់ចំពោះស៊ីហ្គេម។
នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង “មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង “អ្វីៗជារឿង ក្លែងក្លាយទាំងអស់។
CAMSOC ចាត់ទុកខ្លឹមសារទាំងនេះ គឺជាការបំផ្លើស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណងគេងចំណេញខាងនយោបាយ បង្អួចកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប.អ. និងជាពិសេស កិច្ចខិតខំប្រឹងប្រែង និងជោគជ័យដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបចប់ថ្មីៗនេះ។
CAMSOC សូមបដិសេធទាំងស្រុងការលើកឡើងបែបអគតិទាំងនេះ និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត នេះ៕
អត្ថបទ៖ អក្ខរា