វត្ថុបុរាណខ្មែរជាង១០០ កំពុងដាក់​​តាំង​បង្ហាញក្នុង​សារ​មន្ទីរ Roy​al Briti​sh Columbia នៅ​ប្រទេស​កាណា​ដា

វត្ថុបុរាណខ្មែរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យ​ល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗ នឹងត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Co​lu​mb​i​a​ នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

ការតាំងពិព័រណ៍ចម្លាក់បុរាណខ្មែរសម័យអង្គរនេះ គឺមានចំណងជើងថា “អង្គរ៖ អាណាចក្រខ្មែរដែលបានបាត់បង់” ជាការចល័តពិព័រណ៍លើកទី៣នៅក្នុងគម្រោងពិព័រណ៍១០ទីតាំងដែលបានគ្រោងទុកជាមួយ MUSEUMSPARTNER។ ការតាំងបង្ហាញនេះ ក៏មានការប្រើបច្ចេកទេសវិទ្យាសាស្ត្រទំនើប បង្ហាញទេសភាពធម្មជាតិ និងវប្បធម៌ ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្ត្រសម័យអង្គរ និងប្រជាជនដែលរស់នៅប្រកាន់នូវទំនៀមទម្លាប់បុរាណតាំងពីសម័យអង្គរនៅតំបន់អង្គរផងដែរ។

នៅក្នុងពិធីសម្ពោធបើកពិព័រណ៍ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរសម័យអង្គរនៅបរទេសដែលមិនត្រឹមតែជាការផ្សព្វផ្សាយបន្ថែមនូវវប្បធម៌ និងអារ្យធម៌ខ្មែរនាសម័យអង្គរដ៏រុងរឿង អោយពិភពលោក ជនបរទេស និងជនជាតិខ្មែរដែលរស់នៅបរទេសបានស្គាល់ប៉ុណ្ណោះនោះទេ តែអ្វីដែលសំខាន់លើពីនេះគឺបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោក ។

ឯកឧត្តម លី វណ្ណា បានបន្ថែមថា ពិព័រណ៍ចម្លាក់បុរាណខ្មែរសម័យអង្គរនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យអភិរក្ស លើកតម្កើងមរតកដូនតា និងអភិវឌ្ឍន៍វប្បធម៌ខ្មែរក្នុងយុគសម័យថ្មីដែល​ពោរពេញទៅដោយសន្តិភាព និងអភិវឌ្ឍន៍ប្រទេស។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌រវាងព្រះ​រាជាណា​ចក្រ​កម្ពុជា និងពិភពលោក តាមរយៈសកម្មភាពវប្បធម៌ និងសិល្បៈផ្សេងៗទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ការអនុញ្ញាតអោយមានការរៀបចំតាំងពីពិព័រណ៍វត្ថុបុរាណខ្មែរនៅបណ្តាប្រទេសមួយចំនួនលើពិភពលោកគឺជាស​កម្ម​ភាព​វប្បធម៌មួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែក្នុងបំណងផ្សព្វផ្សាយវប្បធម៌ និងអារ្យធ​ម៌​ខ្មែរសម័យអង្គរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីឆន្ទៈខ្ពស់ និងការសម្រេចចិត្តប្រកបដោយគតិ​បណ្ឌិត និងឧត្តមគតិស្នេហាជាតិ ការពារ អភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌របស់បុព្វបុរសខ្មែរសម័យអង្គរ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន និងកំពុងតែទទួលបាននូវសន្តិភាព និងអភិវឌ្ឍន៍ឥតឈប់ឈរ។

ក្នុងស្មារតី និងគោលបំណងបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលអោយចុះកិច្ចព្រមព្រៀងជាមួយ MUSEUMSPARTNER នៅប្រទេសអូទ្រីស (Austria) ដើម្បីយកវត្ថុបុរាណខ្មែរសម័យអង្គរចំនួនជាង១០០វត្ថុ ទៅតាំងពិព័រណ៍ចំនួន១០ទីតាំងនៅតាមបណ្តាប្រទេសមួយចំនួន តាមការគ្រោងទុក។ រហូតមកទល់ពេលនេះ ការរៀបចំដាក់តាំងពិព័រណ៍នេះ បានធ្វើ២ដងរួចមកហើយនៅសហរដ្ឋអាមេរិក៕