សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូដ៏ឧត្តុងឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ឲ្យសាកសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការផ្តល់គោរមងារជាអ្នកឧកញ៉ា ឧកញ៉ា ដោយប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier Center Sen Sok រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រួស និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឲ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកលលោក៕
អត្ថបទ៖ អក្ខរា