សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងខ្សែបណ្តាញបក្ខពួក​ឬការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្ខពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
នៅ The Premier Center Sen Sok រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តីកត់សម្គាល់ថា ឧកញ៉ានៅកម្ពុជា តែងចូលរួមក្នុងសកម្មភាពសង្គម តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ សម្តេចចាត់ទុកការចូលរួមចំណែករបស់ឧកញ៉ាក្នុងសង្គម ជាការស្តែងឱ្យឃើញនូវប្បធម៌ចែករំលែក សម្បុរសធម៌ និងសាមគ្គីភាព។

បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំពង្រាងព្រះរាជក្រឹត្យថ្មីមួយស្តីពីឧកញ៉ា​ដែលក្នុងពង្រាងនោះ នឹងមានកែសម្រួលមាត្រាចំនួន៣ និងមាត្រាមួយចំនួនទៀត ដែលព្រះរាជក្រឹត្យថ្មីនេះ នឹងចេញនាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជា។ បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប៕

អត្ថបទ៖ អក្ខរា