សម្តេចតេជោ ហ៊ុន សែន៖ គេរិះគន់យើងបញ្ចូនពលករទៅធ្វើការខាងក្រៅ តែគេបែរជារៃអង្គាសលុយពីពលករទៅវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា មានក្រុមរិះគន់រដ្ឋាភិបាលពីការបញ្ចូនពលរដ្ឋខ្មែរឲ្យទៅធ្វើពលករនៅក្រៅប្រទេស ប៉ុន្តែពួកក្រុមរិះគន់ហ្នឹងបែរជាររៃអង្គាសលុយពីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះទៅវិញ ពិសេសនៅកូរ៉េ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃទី៩ ខែមិថុនា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងបង្កើតការងារខាងក្នុងផង និងរកការងារខាងក្រៅផង។ បើតាមសម្តេចតេជោ ប្រាក់ដែលចេញបានពីពលកម្មការងារក្នុងប្រទេសប្រមាណជាង ៣ពាន់លានដុល្លារ, ពលករនៅកូរ៉េខាងត្បូង បានប្រមាណជាង ១៥០០លានដុល្លារ ជប៉ុនប្រមាណ ១៤០០លានដុល្លារ ថៃប្រមាណ ៤០០លានដុល្លារ និងម៉ាឡេស៊ីប្រមាណ ៣០០លានដុល្លារ៕

អត្ថបទ៖ អក្ខរា