«កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងបានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានទទួលជួបឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្ម អន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង ទ្វេភាគីដែលកំពុងរីកលូតលាស់ និងមានសុទិដ្ឋិនិយមចំពោះសក្តានុពលសម្រាប់ការពង្រីកបន្ថែម ទៀតនូវការផ្លាស់ប្តូរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្មរវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទីក និងធនធានមនុស្ស។
ភាគីទាំងពីរបានកត់ សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង និងបានសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចុះហត្ថលេខាក្នុង ថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើផលប្រយោជន៍រវាងតំបន់ទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម បានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដែលបានផ្ដល់លទ្ធភាពឱ្យអេមីរ៉ាតអារ៉ាប់រួម ចូលជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) និងដែលបានគាំទ្រអេមីរ៉ាតអារ៉ាប់រួម ក្លាយជាដៃគូសន្ទនាតាមវិស័យ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕