ព្រះមហាក្សត្រ និងសម្តេចម៉ែ កោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ក្នុងពេលតែមួយ និង ទូលថ្វាយរបាយការណ៍ស្តីពីសកម្មភាពមនុស្សធម៌រយៈពេលកន្លងមក និងទិសដៅការងារបន្តរបស់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះសុវណ្ណកោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាពិសេស ថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយរបាយការណ៍ស្តីពីការប្រើប្រាស់ព្រះរាជអំណោយ ឱ្យក្លាយទៅជាព្រះរាជសមិទ្ធផលនានាដូចជាអណ្តូងទឹកស្អាត កន្លែងលាង សម្អាតដៃ បង្គន់អនាម័យជាដើម សម្រាប់ជូនដល់ប្រជានុរាស្ត្រនៅតាមទីជនបទឆ្ងាយដាច់ស្រយាល។

ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូល កោតសរសើរការដឹកនាំ និងការទទួលខុសត្រូវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា មគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងសកម្មភាពមនុស្សធម៌ ធ្វើឱ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់មានសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖