ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Sethaput Suthiwartnarueput ទេសាភិបាល ធនាគារកណ្តាលថៃ បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។ ក្នុងនៅភាគីទាំងពីរ បានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ – ដំណាក់កាលទី២៖ ថៃស្កេនឃ្យូអរកូតនៅកម្ពុជា។ នេះបើតាមធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែមិថុនានេះ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃដាក់ឱ្យប្រើប្រាស់នេះតទៅ ប្រជាជនថៃដែលមានគណនីជាប្រាក់បាតរបស់ព្រះរាជាណាចក្រថៃអាចទូទាត់ប្រាក់ដោយស្កេនឃ្យូអរកូតទៅកាន់ពាណិជ្ជករឬនៅហាងទំនិញប្រមាណ ១,៥ លានកន្លែងក្នុងប្រទេសកម្ពុជា ដែលរួមចំណែកលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង៕