រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចវែងឬខ្លីជាង ២៥០គីឡូម៉ែត្រ ព្រោះត្រូវសិក្សាកុំឲ្យមានផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងជៀសឲ្យផុតស្ពានបុរាណជាច្រើនកន្លែងនៅតាមផ្លូវជាតិលេខ ៦។ រីឯពីសៀមរាប-ប៉ោយប៉ែត មានប្រវែង ១៥០គីឡូម៉ែត្រ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី យ៉ាងយូរ៦ខែទៀត ក្រុមហ៊ុននឹងផ្តល់លទ្ធផលសិក្សាលម្អិតពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ថាតើទម្រង់ផ្លូវចេញពីចំណុចណាដល់ចំណុចណា កាត់តាមទីតាំងណាខ្លះ កន្លែណាមានស្ពានខ្លះ។ ឯកឧត្តមបញ្ជាក់ថា ជាមធ្យមគម្រោងផ្លូវល្បឿនលឿន១គីឡូម៉ែត្រត្រូវចំណាយ ១០លានដុល្លារ ដូច្នេះ២៥០គីឡូម៉ែត្រ អាចត្រូវចំណាយ ២៥០០លានដុល្លារ៕
អត្ថបទ៖ អក្ខរា