នៅថ្ងៃនេះ សម្ដេចតេជោបានបញ្ជាក់ថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅម៉ោង២រសៀល រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ ដែលនៅពេលខាងមុខយើងនឹងទទួលបានផ្លូវល្បឿនលឿនច្រើនខ្សែបន្ថែមទៀត។ នៅថ្ងៃនេះដែរ សម្ដេចតេជោក៏បានប្រកាសយកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមទៀត។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅព្រឹកថ្ងៃទី៧មិថុនា២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ”។
គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំកិច្ចសហការពីអភិបាលរាជធានីភ្នំពេញ រួមទាំងអភិបាលខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ឱ្យជួយសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុន CRBC លើដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប។ ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក្រសួងសាធារណការក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញ-ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ដែលជាគម្រោងទី៤ ផងដែរ៕
អត្ថបទ៖ អក្ខរា