ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនេះ បានជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំង
នោះ។
ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។
ការណែនាំរបស់ក្រសួងការងារនេះ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ស្តីពី ការងារពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ ក្រសួងការងារ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
អត្ថបទ៖ អក្ខរា