កម្ពុជាធានាគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញដល់គុយបា ជាប្រធាន G77 បូកចិន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អបអរសាទរគុយបាដែលបានទទួល​តំណែងជាប្រធាន G77 បូកចិន និងបានធានាចំពោះលោកជំទាវឯកអគ្គរដ្ឋទូតពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។

តាមការឲ្យដឹងពីក្រសួងការបរទេសឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី និងលោកជំទាវឯកអគ្គរដ្ឋទូត Liurka Rodríguez Barrios បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានសម្តែងការពេញចិត្តរួម​ចំពោះការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស​លើវិស័យ​កសិកម្ម សុខាភិបាល និងកីឡា។

ទន្ទឹមនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានប្រគល់ជូនឯកឧត្តមរដ្ឋលេខាធិការ នូវលិខិត​អញ្ជើញរបស់ឯកឧត្តម Miguel Díaz-Canel Bermúdez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា និងជាប្រធានបច្ចុប្បន្ននៃ​ G77 បូកចិន ជូនចំពោះ​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល G77 បូកចិន ស្តីពី “បញ្ហាប្រឈម​នៃការអភិវឌ្ឍបច្ចុប្បន្ន៖ តួនាទីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាវ៉ាណា៕

អត្ថបទ៖ អក្ខរា