គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តនូវស្មារតី គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏រំលេចពីវឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់នេះ ដែលពិតជាបានបង្ហាញអំពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអម្រែកភារកិច្ច និងទំនុកចិត្តប្រកបដោយជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដែលរាជធានីភ្នំពេញទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។
ជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនចាប់ពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ក្នុងនោះ យុវជន គឺជាកម្លាំងស្នូលក្នុងបេសកកម្ម និងបុព្វហេតុដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងនេះ៕