ជាទម្លាប់! អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃនៅតំបន់ចុងឃ្នៀស ធ្វើយុទ្ធនាការប្រមូលសំរាម មុនពេលទឹកជំនន់មកដល់

ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រុមការងាររដ្ឋបាលសង្កាត់ចុងឃ្នៀស ដឹកនាំដោយលោកចៅសង្កាត់ និងមានការសហការពីព្រះសង្ឃ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, យុវជន, ប្រជាការពារ, សហគមន៍នេសាទ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវ និងជុំវិញបរិវេណវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ឲ្យបានមុនទឹកជំនន់បឹងទន្លេសាបឡើងមកដល់ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុង/ខេត្ត សៀមរាប។

យុទ្ធនាការសម្អាតបរិស្ថានដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារប្រមូលបានសំរាមប្លាស្ទិកចំនួន ៧៥ការ៉ុង។ អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃ អំពាវនាវចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បី អនាម័យបរិស្ថានស្អាត សោភណ័ភាពល្អ សុខភាពល្អ និងជីវភាពសហគមន៍យើងរុងរឿង។ ចំណែកអ្នកដែលធ្វើដំណើរមកកំសាន្ត សូមមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា សង្កាត់ចុងឃ្នៀសមានភូមិសាស្ត្រជាប់មាត់បឹងទន្លេសាប ដោយទទួលរងនូវរបបទឹកជំនន់បឹងទន្លេសាប ដោយមានទឹកលិចចំនួន ៦ខែក្នុងរដូវវស្សា និងទឹកស្រកគោករាក់ទៅវិញនៅរដូវប្រាំង ហើយសង្កាត់ចុងឃ្នៀសតែងតែដឹកនាំយុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកជាប់ជាប្រចាំជាទៀងទាត់តាំងពីឆ្នាំ២០១៨មកម្លេះ រហូតមកដល់បច្ចុប្បន្នទោះក្នុងកំឡុងផ្ទុះជំងឺកូវីដ១៩ក៏ដោយ៕

អត្ថបទ៖ អក្ខរា