សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋពិតជា មានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំង អស់គ្នា ក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយ ដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
សម្តេចបានលើកឡើងដូច្នេះនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូងចំនួន ១២៤៩ នាក់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយ និងយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ។ រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀនឱ្យជិតនឹងប្រជាពលរដ្ឋ។ហេតុនេះហើយទើបគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទ តែងតែមានសាលារៀនរហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្តមានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅខេត្តត្បូងឃ្មុំយើងនេះ ពីអតីតកាលមក មិនដែលមាន សាកលវិទ្យាល័យឡើយ ទើបតែសម័យនេះទេ ទើបមានសាកលវិទ្យាល័យដ៏ធំស្កឹមស្កៃ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។
កម្ពុជាពេលនេះកំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះ ជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុង រយៈ ពេលជាងពីរទសវត្សរ៍មកនេះ យុវជន យើងពិតជាមានឱកាសច្រើនណាស់ បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជន សម័យសន្តិភាព គឺខុសគ្នាស្រលះ សឹងតែមិនអាចប្រៀបធៀបបានឡើយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា យុវជនសម័យសង្គ្រាម មិនត្រឹមតែបាត់បង់ឱកាសល្អៗ រីករាយគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការទៀតផង។ យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
“សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយនិងចៅៗ ជាសសរទ្រូងប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាការពារឱ្យខាងតែបាននូវសុខសន្តិភាព ដែលយើងរកមកបានដោយលំបាកជាទីបំផុត ដោយការធ្វើពលីកម្មគ្រប់បែបយ៉ាង ហើយត្រូវជំរុញមនោសញ្ចេតនានៃក្តីមេត្តាស្រឡាញ់រាប់អានគ្នា ចេះមានការយល់ចិត្តចំពោះអ្នកដទៃ និងធ្វើការដើម្បីភាពកាន់តែល្អប្រសើរឡើងថែមទៀត សម្រាប់សង្គមជាតិយើង”នេះជាការអំពាវរបស់សម្តេចប្រធានរដ្ឋសភា។
សម្តេចបានលើកឡើងបន្តថា “យើងត្រូវចាំថា សន្តិភាពនិងការអភិវឌ្ឍមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ សន្តិភាពបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ។ ដោយសារសន្តិភាពពេញលេញនេះហើយ ទើបធ្វើឱ្យប្រទេសជាតិទទួលបាននូវកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព៕