ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់នេះ អន្តរាគមន៍ឲ្យដកបទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័ទី៧ ចេញជាបន្ទាន់។
សម្តេចតេជោ ចាត់ទុុកបទចម្រៀងដែលបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជានេះ ជារឿងធំ ដែលត្រូវដកចេញជាបន្ទាន់ ចាំនិយាយគ្នានៅពេលក្រោយ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី៤ ខែមិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។
ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថា បទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត៕