ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។
សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕