ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការបរទេស បានឲ្យដឹងថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ វត្តមានរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់រវាងប្រទេសទាំងពីរ៕