កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងពិធីប្រគល់-ទទួលថវិកានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។
បន្ថែមពីនេះ លោកជំទាវកិត្តិបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូអំពីការកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ដែលគិតមកត្រឹមខែឧសភា ឆ្នាំ២០២៣ ទទួលបានមូលនិធិសរុបសមមូលជាប្រាក់ដុល្លារចំនួន ១៣.៩៧០.១៩០ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍សកម្មភាពក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា បានឱ្យដឹងថា ៖ កុមារមានជំងឺចំនួន ៣២០.៩២១នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (កើន ៥២% ច្រើនជាងឆ្នាំ២០២២)។ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ៧៤.៩៧៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន ១០៨% ច្រើនជាងឆ្នាំ២០២២)។ កុមារចំនួន ៣៧៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ កុមារចំនួន ១០.៣៩១នាក់ បានទទួលការវះកាត់។ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន ៣៦៧នាក់។ ស្ត្រីមានផ្ទៃពោះចំនួន ៤២.០៩៥ករណី បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣ ខេត្តសៀមរាប) បានចំនួន ៨.៣១៩នាក់ (កើន ៣៥%)៕