មន្ត្រីជំនាញកម្ពុជា បានរកឃើញវត្ថុបុរាណជាច្រើនៅក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ។ វត្ថុបុរាណទាំងនោះ មួយចំនួនផលិតនៅក្នុងប្រទេសថៃ ដែលមានអាយុកាលចន្លោះស. វ.ទី១៥ – ១៧ នៃគ.ស.។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយឯកឧត្ដម អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ ចុះពិនិត្យនិងវាយតម្លៃ សមុច្ច័យកុលាលភាជន៍ដែលមន្ត្រីនៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រស្រង់យកពីទីតាំងសំពៅលិច ក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី មករក្សាទុកនៅទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ចំនួន១ទីតាំង និងនៅសាលាហ្វឹកហ្វឺនកងទ័ពជើងទឹកចំនួន ៣ទីតាំង ។
សមុច្ច័យកុលាលភាជន៍មានចំនួនច្រើន ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចានឆ្នាំង ដែលដុតក្នុងកំដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់មួយចំនួននៅប្រទេសថៃឡង់ដូចជា៖ ឡមេណាមណយ ខេត្តសុីង្ហបុរី ឡស្រីសជនាល័យ ស្រុកសុវណ្ណកលោក ខេត្តសុខោទ័យ និងភាជន៍ផលិតបែបប្រពៃណីនៅតាមភូមិក្បែរក្រុងអយុធ្យា ដែលមានអាយុកាលរវាងស. វ.ទី១៥ – ១៧ នៃគ.ស.៕