ទំរាំស្រកគីឡូបានជោគជ័យ Miss Supranational Cambodia 2023 លីវ ជីលី ជួបឧបសគ្គជាច្រើន 

បន្ទាប់ពីសម្រេចបំណងធំក្នុងការប្រកួតយកមកុដ Miss Supranational Cambodia 2023 កាលពីពេលថ្មីៗ គេចាប់អារម្មណ៍ឃើញថា លីវ ជីលី កាន់តែស្រស់ស្អាតប្លែក ជាពិសេសនាងបានពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាជាងពេលប្រកួត Miss Grand Cambodia 2020 នាពេលកន្លងមក ។ ប៉ុន្តែបើយើងក្រឡេកទៅក្រោយឆាកវិញ ទំរាំតែអាចឈរជើងបានដូចសព្វថ្ងៃនេះ លីវ ជីលី បានតស៊ូពុះពារច្រើនដំណាក់កាលណាស់ ជាពិសេសគឺនាងខំប្រឹងប្រែរូបរាងកាយធាត់ទ្រលុកទ្រលន់របស់ខ្លួនពីមុន ឱ្យកាន់ តែមានរាងស្លឹមស្អាតសមជាបវរកញ្ញា ។ 

ទស្សនិកជនប្រហែលជាចាំបានថាពេលដែលទទួលតំណែង Miss Grand Cambodia 2020 ភ្លាមៗកញ្ញា លីវ ជីលី មានរូបរាងធាត់ទ្រលក់ទ្រលន់ណាស់ ប៉ុន្តែចាប់តាំងពីល្បីល្បាញនាងចាប់ផ្តើមសម្រកទម្ងន់ ឱ្យកាន់តែមានរាងស្អាត ។ 

លីវ ជីលី បានទទួលស្គាល់ផងដែរថា នាងពិតជាបានខំប្រឹងសម្រកទម្ងន់ឱ្យមានរាងស្អាត តែទំរាំតែធ្វើបានដូចសព្វថ្ងៃនេះ មិនមែនជារឿងងាយស្រួលនោះទេ អ្វីៗសុទ្ធតែមានការតាំងចិត្តខ្ពស់ទាំងរបប អាហារ និងការហាត់ប្រាណ ក៏ដូចជាវិធីសាស្រ្តផ្សេងៗទៀត ដូច្នេះហើយពេលដែលទទួលបានលទ្ធផលល្អ នាងចាំបាច់ត្រូវថែរក្សារូបរាងខ្លួនឱ្យស្រស់ស្អាត មិនអាចបណ្តោយខ្លួនដូចមុនបានទេ ។ 

ក្រោយជាប់ជា Miss Supranational Cambodia 2023 លីវ ជីលី បានត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាង កម្ពុជា ចេញទៅដណ្តើមមកុដ នៅក្រៅប្រទេសជាលើកទី ២ ទោះបីជាលទ្ធផលយ៉ាងណា លីវ ជីលី ប្តេជ្ញាចិត្តធ្វើឱ្យអស់ពីសមត្ថភាព ជាក់ស្តែងសព្វ ថ្ងៃនេះ លីវ ជីលី បានពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងជាងមុន ទាំងការដើរម៉ូដ ការឆ្លើយសំណួរ និងការងារផ្សេងៗទៀត ៕