តារាសម្តែង ឆឹម សក្កដា ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកលុយធ្វើរឿងភ្ញាក់ផ្អើលមួយ !

បុរសសង្ហារ ឆឹម សក្កដា កំពុងប្រឹងធ្វើការងារយ៉ាងសស្រាក់សស្រាំមិនហ៊ានសម្រាកឡើយ ដោយសារឆ្នាំនេះលោកមានគោលដៅធំ ត្រូវតែសម្រេចឱ្យបាន ។ 

គោលដៅធំរបស់តារាសម្តែង ឆឹង សក្កដា នៅក្នុងឆ្នាំនេះ គឺមានច្រើន ប៉ុន្តែអ្វីដែលជាកត្តាសំខាន់បំផុតដែលធ្វើឱ្យលោកប្រឹងប្រែងរកពេលសម្រាកគ្មាននោះ គឺលោកចង់សន្សំលុយឱ្យបានច្រើន ដើម្បីដឹកដៃគូស្នេហ៍ខ្លួន គឺតារាស្រី ពេជ្រ សោភា ចូលរោងការ បន្ទាប់ពីអ្នកទាំងពីបានផ្សះផ្សាចំណងស្នេហាឡើងវិញ ក្រោយពីបែកផ្លូវគ្នាអស់ជាច្រើនឆ្នាំ ។ 

អាចនិយាយបានថា ឆឹម សក្កដា ជាបុរសស្មោះស្នេហ៍មួយរូបដែលអាចរក្សាក្តីស្រឡាញ់របស់ខ្លួនចំពោះ ពេជ្រ សោភា គ្មានថ្ងៃប្រែ ប្រួល មិនថាមានរឿងអ្វីកើតឡើងលោកនៅតែចិញ្ចឹមចិត្ត និងផ្តល់ក្តីស្រឡាញ់ និងរងចាំ ពេជ្រ សោភា រហូតដល់អ្នកទាំងពីរបានដឹកដៃគ្នាភ្ជាប់ពាក្យកាលពីអំឡុងជិតដាច់ឆ្នាំ ២០២២ កន្លងមកនេះ ។ 

ឆឹម សក្កដា មានបំណងនឹងដឹកដៃ ពេជ្រ សោភា ចូលរោងការនៅចុងឆ្នាំ ២០២៣ នេះ ដូច្នេះហើយ ទើបលោកខំប្រឹងធ្វើការងារមិនហ៊ានសម្រាកដើម្បីសម្រេចបំណងប្រាថ្នាធំរបស់ខ្លួន មិនថាការងារសម្តែង ច្រៀង ឬ ដឹកនាំ គឺលោកទទួលធ្វើទាំងអស់ ។ 

ចំណែក ពេជ្រ សោភា វិញក៏បានលាន់មាត់សរសើរលោក ឆឹម សក្កដា ផងដែរថា សក្កដា ជាមនុស្សល្អ និងពូកែ នរណាបានរៀបការជាមួយពិតជាសំណាង ។ មិនថាការងារចម្រៀង ឬ ការរៀបចំដឹកនាំសម្តែង គឺនាងបានរៀនពី សក្កដា ច្រើន ។ 

ពេជ្រ សោភា នៅពុំទាន់ដឹងថា មង្គលការខ្លួននិងលោក ឆឹម សក្កដា អាចនឹងដំណើរការបានឬយ៉ាងណាទេ មានតែរងចាំមើលពេល វេលាមកដល់ប៉ុណ្ណោះ ។ សម្រាប់អ្នកគាំទ្រជាច្រើន សុទ្ធតែបានជូនពរនិងរងថាំមើលថ្ងៃពិសេសរបស់ ឆឹម សក្កដា និង ពេជ្រ សោភា មកដល់ ៕