ក្រោយពីប្រកាសផ្តាច់ខ្លួន ចេញពី សម រង្ស៊ី លោក អ៊ូ ច័ន្ទឫទ្ធិ អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅ ប្រទេស ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានសរសេរលិខិត ដោយសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយ នៅខាងក្រៅប្រទេសជាមួយទណ្ឌិត សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារលោក អះអាងថា អស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។ នេះបើយោងតាមលិខិតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ គោរពជូនសម្តេចតេជោ ហ៊ុន សែន ដោយសរសេរពីអាមេរិក កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
គួររំលឹកផងដែរថា ៖ លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ ក្នុងសំណុំរឿងសមគំនិតក្បត់ជាតិ ដោយសារតែលោក បានធ្វើសកម្មភាពនៅក្រៅប្រទេសជាមួយលោកសមរង្ស៊ី និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត៕