សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរត្រូវឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាព ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិិសេសបញ្ហាដីធ្លី ដើម្បីឈាមទៅកាត់បន្ថយទំនាស់ក្នុងសង្គម។ សម្ដេចក្រឡាហោម បានណែនាំបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ “រឿងទំនាស់ដីធ្លីមានប៉ុន្មានកន្លែងដោះឲ្យអស់ ដោះដោយយុត្តិធម៌ ដោយតម្លាភាព ឬទំនាស់ស្អីផ្សេងៗទៀត ដោះឲ្យអស់, យើងធ្វើសង្គ្រាមចង់មួយជីវិតរៀងខ្លួនហើយ រឿងទំនាស់ដីធ្លីហ្នឹងដោះមិនបាន ឲ្យតែយើងឈរខាងយុត្តិធម៌ តែកាលណាយើងបន្លែបន្លំ កាន់ជើង បក្សពួកលិចកើត ដោះមិនចេញទេ ប៉ុន្តែបើយើងឈរលើយុត្តិធម៌ ដោះស្អីក៏ចេញដែរ ដែលនឹងកាត់បន្ថយបញ្ហាទំនាស់ក្នុងសង្គមរបស់យើង”។
ជាមួយគ្នានោះ សម្ដេចបានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺទី១.មេឃុំចៅសង្កាត់ ទី២.ស្មៀនឃុំសង្កាត់ ទី៣.នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺមេភូមិ ទី៥.មណ្ឌល សុខភាពឃុំសង្កាត់។ សម្តេចគូសបញ្ជាក់ថា តួអង្គទាំង៥នេះ ជាយន្តការ និងជាអ្នកដែលនៅកៀកប្រជាពលរដ្ឋ ផ្សារភ្ជាប់ជីវភាពប្រជាពលរដ្ឋ មានន័យថា ពលរដ្ឋស្រលាញ់ ឬស្អប់គណបក្ស គឺលើប្រសិទ្ធភាពនៃយន្តការនិងលទ្ធផលការងាររបស់តួអង្គទាំង៥នេះហើយ៕
អត្ថបទ៖ អក្ខរា