ពិធីការិនី ខាត់ ស្រីច័ន្ទ កំពុងប្រឹងប្រែងដុសខាត់ខ្លួនក្នុងអាជីពពិធីករឱ្យខ្លាំងក្លាជាងមុន មុននឹងនាងដឹកដៃ គូ ស្នេហ៍ជាង ១០ ឆ្នាំចូលរោងការ ។
ខាត់ ស្រីច័ន្ទ គឺជាពិធីការិនីប្រចាំនៅក្នុងកម្មវិធី Miss Grand Cambodia ដើម្បីអាជីពនេះអ្នកនាងបានប្រឹងប្រែងហ្វឹតហាត់សមត្ថភាពខ្លួនជារៀងរាល់ថ្ងៃ ដើម្បីទទួលបាននូវអ្វីដែលខ្លួនប៉ងប្រាថ្នា ។ ថ្មីៗនេះ ខាត់ ស្រីច័ន្ទ កាន់តែលេចធ្លោខ្លាំងក្នុងអាជីពពិធីករ រហូតត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនពេញចិត្ត និង ហៅនាងធ្វើការងារនេះជាបន្តបន្ទាប់ ។
ខាត់ ស្រីច័ន្ទ បានប្រាប់ថា បំណងប្រាថ្នាធំរបស់នាង គឺចង់ក្លាយទៅជាពិធីការិនីល្បីឈ្មោះមួយរូប ដូចជាបងៗជំនាន់មុន ដូច្នេះហើយទើបនាង មិនសូវទទួលថតរឿងដូចមុន ដោយងាកមកពង្រឹងការងារច្រើនជាង ។
ខាត់ ស្រីច័ន្ទ សង្ឃឹមថា កេរ្តិ៍ឈ្មោះរបស់អ្នកនាងនឹងកាន់តែល្បីល្បាញជាងនេះក្នុងរយៈពេលមួយឆ្នាំទៀត ប្រសិនបើនាងនៅតែតស៊ូក្នុងការងារមួយនេះ ។
ចាប់តាំងល្បីល្បាញក្នុងអាជីពជាពិធីការិនី ឃើញថា ខាត់ ស្រីច័ន្ទ កាន់តែស្រស់ស្អាតប្លែក ហើយមានបុរសជាច្រើនចោមរោមសុំស្នេហ៍ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺអ្នកនាងមានម្ចាស់បេះដូងរួចទៅហើយ ។ ខាត់ ស្រីច័ន្ទ បានបញ្ជាក់ប្រាប់ថា សូមកុំស្នេហ៍អ្នកនាងអី ពីព្រោះអ្នកនាងមានម្ចាស់បេះដូងហើយ ។
គួរបញ្ជាក់ថា ខាត់ ស្រីច័ន្ទ និងគូស្នេហ៍បានស្រឡាញ់គ្នាជិត ១០ ឆ្នាំ អ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចូលរួមកម្មវិធីតូចធំមិនដែលខាន ប៉ុន្តែពេលនិយាយដល់រឿងរៀបការ ខាត់ ស្រីច័ន្ទ បែរជានិយយាថា អ្នកនាងចង់ជោគជ័យក្នុងអាជីពពិធីការិនីជាមុនសិន មុននឹងសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ។ ខាត់ ស្រីច័ន្ទ ក៏មានគម្រោងរៀបចំពិធីមង្គលការរបស់ខ្លួនដែលមានលក្ខណៈធំដុំ និងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ និង ធ្វើជាសាក្សី ផងដែរ៕