ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការបានឲ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដែលមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល។
ក្រសួងបានបញ្ជាក់ថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជាមជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ល្អជាមួយ ផ្លូជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក (ដែលអនាគតនឹងក្លាយទៅជា ផ្លូវដែកល្បឿនលឿន) និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឱ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេស។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ៕