ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ច្បាស់ៗថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៉ី នោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី។
ក្រសួងការបរទេសម៉ាឡេស៊ី បញ្ជាក់បន្ថែមថា លោក សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ការចាកចេញរបស់លោក សម រង្ស៉ី នេះមានន័យស្មើ «មិនស្វាគមន៍» ចំពោះវត្តមានរបស់ខ្លួននៅទឹកដីម៉ាឡេស៊ី។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី ។ នេះគឺជាភាពអាម៉ាស់មុខរបស់ ទណ្ឌិតសម រង្ស៉ី និងអ្នកគាំទ្រផ្គាប់មុខ ស្របពេលដែលផែនការក្បត់ជាតិបំផ្លាញការបោះឆ្នោតនៅកម្ពុជា ត្រូវបានបែកការណ៍ និង ទទួលការបរាជ័យជាបន្តបន្ទាប់៕