លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។ ការប្រកាសគាំទ្រនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
លោកស្រី ពោធិតី សាវត្ថី បានលើកឡើងថា គណបក្សភ្លើងទៀន កំពុងធ្វើជំនួញប្រជាធិបតេយ្យ មានបំណងចង់នាំកម្ពុជា ឲ្យក្លាយទៅជាប្រទេសអ៊ុយក្រែនទី២ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលនយោបាយគណបក្សប្រឆាំងមួយនេះ ដែលមានបរទេសនៅពីក្រោយ។
ជាមួយគ្នានេះ លោកស្រី ពោធិតី សាវត្ថី បានលើកឡើងទៀតថា គណបក្សភ្លើងទៀនមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលហើយបិទផ្លូវតវ៉ា មិនត្រឹមតែមិនគោរពតាមច្បាប់ និងមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុណ្ណោះទេ បែរជាប្រកាសកៀរគរ ធ្វើបាតុកម្ម ដែលនេះគឺជាទង្វើមិនស្របច្បាប់ប្រទេសកម្ពុជា។
លោកស្រី ក៏បានអំពាវនាវដល់បរទេសឱ្យបញ្ឈប់ការ លូកដៃ ជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយប្រជាជនកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមដូចប្រទេសអ៊ុយក្រែនទេ។ ដោយលោកស្រីចាត់ទុកថា គណបក្សភ្លើងទៀនកំពុងតែលេងហ្គេមបរទេស។ ពួកគេមិនគោរពច្បាប់ពេលខ្លួនឯងធ្វើខុសគឺផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ ទោះបីពុំមានគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ក៏ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមបោះឆ្នោតប្រកួតប្រជែង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹង របស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់ គ.ជ.ប។ ក្រោមហេតុផលមិនមានឯកសារគ្រប់គ្រាន់ គណបក្សប្រឆាំងទាំងពីរនេះ ត្រូវបានផាត់ចោលដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពោលគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គ្មានវត្តមានក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានព្រមទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ តែគណបក្សភ្លើងទៀន បែរជាប្រកាសប្រមូលផ្តុំមនុស្សប្រមាណ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេច។ ដែលទង្វើនេះត្រូវបានរដ្ឋាភិបាលចាត់ទុកជា សកម្មភាពមួយមានចេតនា បង្កឲ្យមានភាពវឹកវរដល់សង្គមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕