ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញដោយព្រះរាជសុវត្ថិភាពហើយ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារួចមក។ ‘
ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌា មានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្ស ត្រខ្មែរនៅប្រទេសឥណ្ឌានាពេលនេះចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕