សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងការសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។
សម្តេចតេជោមានប្រសាសន៍ថា គណបក្សប្រជាជនគឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីនឹងការសម្រេចរបស់ គ .ជ .ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ឯរាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញ និងគ.ជ.បទេ។ សម្តេចតេជោ ក៏បានព្រមានទៅេមដឹកនាំគណបក្សប្រឆាំងថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម រឺការតវ៉ាណាមួយឲ្យសោះ ដោយអាជ្ញាធរនឹងបង្ក្រាប់រាល់គ្រប់សកម្មភាព ដែលនាំឲ្យមានការវឹកវរដល់សង្គមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់ គ.ជ.ប។ ក្រោមហេតុផលមិនមានឯកសារគ្រប់គ្រាន់ គណបក្សប្រឆាំងទាំងពីរនេះ ត្រូវបានផាត់ចោលដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពោលគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គ្មានវត្តមានក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ៕
អត្ថបទ៖ អក្ខរា