ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលខាងមុខនេះ នឹងមានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “សូមបញ្ជាក់ជូនដែរថា យើងឥលូវនេះ សម្រាប់ទីក្រុងភ្នំពេញ ត្រូវការស្ពាន៣បន្ថែមទៀត ហើយស្ពាន២អាចចេញជារូបរាងក្នុងរយៈពេលឆាប់ មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងមួយទៀត គឺស្ពានសម្រាប់តភ្ជាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោម។ នៅមានស្ពានមួយទៀតដែលយើងត្រូវការឆ្លងទន្លេបាសាក់ នៅម្តុំចាក់អង្រែ ព្រែកប្រា”។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ។
សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ០៧ មិថុនាខាងមុខនេះ ក៏នឹងមានការសាងសង់ស្ពានដ៏វែងឆ្លងទន្លេមេគង្គនៅដីឥដ្ឋស្រុកកៀនស្វាយ ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿននេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ រដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិសាងសង់មានប្រវែង ២២៥០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលនឹងត្រូវចំណាយជាង ២០០លានដុល្លារអាមេរិក។
ជាមួយនឹងកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដែលមានទីតាំងនៅម្ដុំព្រែកប្រាក្នុងខណ្ឌច្បារអំពៅ តភ្ជាប់មកតំបន់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ពាននឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្រុងតាខ្មៅ៕
អត្ថបទ៖ អក្ខរា