សូមប្រយ័ត្នល្បិចឆបោកថ្មី! មានករណីជនខិលខូចទូរស័ព្ទឲ្យផ្ទេរប្រាក់ ដើម្បីកុំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី

អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីល្បិចឆបោកថ្មីពីជនខិលខូចមួយចំនួន ដែលទូរស័ព្ទឲ្យអតិថិជនផ្ទេរប្រាក់ ឬបង់ប្រាក់ប្រចាំខែ ដើម្បីកុំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី។

ជាក់ស្តែងថ្មីៗនេះ បើតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ស្ពឺ មានករណីជនខិលខូចមួយចំនួនបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកំពង់ស្ពឺ ដើម្បីឆបោកអតិថិជនតាមទូរស័ព្ទឱ្យធ្វើការផ្ទេរប្រាក់តាមរយៈភ្នាក់ងារវីង ឬភ្នាក់ងារផ្សេងៗ ដើម្បីធ្វើការផ្លាស់ប្តូរឌីស្យុងទ័រថ្មី ប្តូរនាឡិកាស្ទង់ ឬបង្គាប់ឱ្យមានការបង់ប្រាក់ថ្លៃប្រើប្រាស់ថាមពលប្រចាំខែ ដើម្បីកុំឱ្យកាត់ផ្តាច់ចរន្តអគ្គិសនី។

អគ្គិសនីកំពង់ស្ពឺជម្រាបថា ពុំមានគោលការណ៍តម្រូវ ឲ្យអតិថិជនបង់ប្រាក់ខុសពីទឹកប្រាក់ត្រូវបង់នៅលើវិក្កយបត្រផ្លូវការរបស់អគ្គិសនីកំពង់ស្ពឺឡើយ ឯការបង់ប្រាក់គឺមានតែនៅ បញ្ហារបេឡាអគ្គិសនីកំពង់ស្ពឺផ្ទាល់ ឬនៅតាមភ្នាក់ងារ និងធនាគារដៃគូររបស់អគ្គិសនីកម្ពុជា។

អគ្គិសនីកំពង់ស្ពឺ បានបញ្ជាក់ទៀតថា មិនមានបញ្ជូននិយោជិតណា ម្នាក់ឲ្យធ្វើការទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយខុសពីការជូនដំណឹងខាងលើដោយគ្មានវិក្កយបត ផ្លូវការនោះទេ ដូចនេះសូមអតិថិជនទាំងអស់មេត្តាពិនិត្យផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ មុនពេលបង់ប្រាក់៕

អត្ថបទ៖ អក្ខរា