កាលពីថ្ងៃទី ២៩ ឧសភាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាសថា កូនប្រុសរបស់លោក នឹងចុះចេញពីតំណែងជាជំនួយការ បន្ទាប់ពីបែកធ្លាយរូបថតរបស់គេ និងសាច់ញាតិដទៃ សម្ដែងធ្វើដូចជាបើកសន្និសីទសារព៌តមាន ដែលធ្វើឲ្យមហាជនរិះគន់ជាខ្លាំង។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កូនប្រុសរបស់នាយករដ្ឋមន្ត្រីជប៉ុន នឹងចុះចេញពីតំណែងជាលេខារបស់លោក ចាប់ពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ហេតុផលថា អាកប្បកិរិយាមិនសមរម្យទាំងនោះ មិនគួរកើតមាននៅការិយាល័យនាយករដ្ឋមន្ត្រីនោះទេ។
គួររំលឹកដែរថា ទស្សនាវដ្ដីប្រចាំសប្តាហ៍កាលពីសប្តាហ៍មុន បានចុះផ្សាយរូបថតរបស់កូនប្រុស Kishida និងសាច់ញាតិ ដែលមើលទៅហាក់ដូចជាធ្វើពុតជាធ្វើសន្និសីទសារព័ត៌មាន នៅឯវេទិកាដែលនាយករដ្ឋមន្ត្រីឈរជាទូទៅ។
“អាកប្បកិរិយារបស់គាត់នៅកន្លែងសាធារណៈគឺមិនសមរម្យក្នុងនាមជាអ្នកដែលមានមុខតំណែងផ្លូវការជាជំនួយការនយោបាយ។ ខ្ញុំបានសម្រេចចិត្តជំនួសគាត់ដោយការទទួលខុសត្រូវ”។ នេះបើតាមសម្ដីនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយ៕