រដ្ឋសភាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។

សេចក្តីព្រាងក្រម និងច្បាប់ទាំងនេះមានសារៈសំខាន់ដល់ការលើកកម្ពស់កិច្ចការពារបរិស្ថាន និងជំរុញការធ្វើពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជានៅក្នុងតំបន់។ តួយ៉ាងដូច ជាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាននានាជាធរមានពាក់នឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែងនិយម សង្គតិភាព និងវិសាសភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ ដើម្បីក្លាយជាបទប្បញ្ញត្តិគោលដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងពាក់ព័ន្ធ សំដៅសម្របសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទនៃការរីកចម្រើនរបស់សង្គម៕