ទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានសម្តែងការអរគុណដល់បុរសម្នាក់ដែលបានរៀបចំពិធីខួបកំណើតយ៉ាងសប្បាយរីករាយ សម្រាប់នាងក្នុងឆ្នាំនេះ តើបុរសរូបនោះជានរណា ? ឬជាគូស្នេហ៍ថ្មីរបស់នាង ?
ដំបូង លី ម៉ារីណា បានប្រាប់ថា ពិធីខួបកំណើតរបស់នាងធ្វើធម្មតា និងតូចតាចជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែធាតុពិតគឺនាងរៀបចំឡើងយ៉ាងធំដុំ និងមានមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ជាពិសេសនៅក្នុងថ្ងៃកំណើតរបស់នាងផងដែរ គឺមានបុរសម្នាក់នៅឈរក្បែរនាងគ្រប់ពេលវេលា ថែមទាំងបានផ្លុំទានរួមគ្នា ប្រៀបដូចជាគូស្នេហ៍និងគ្នាផងដែរ សូម្បីតែមិត្តសិល្បករម្នាក់ៗមានការភ្ញាក់ផ្អើល និងបានសម្តែងការត្រេអរចំពោះនាងផងដែរ ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតរំលងថ្ងៃកំណើតរបស់ លី ម៉ារីណា មិនបានប៉ុន្មានផង ស្រាប់តែតារាស្រីរូបនេះបានចេញសារអរគុណចំពោះបុរសដែលឈរក្បែរនាងថា « អរគុណបងដែលផ្តល់ក្តីស្រឡាញ់ឲ្យអូនយ៉ាងធំធេង បងបានរៀបចំចាត់ចែងកម្មវិធីថ្ងៃកំណើតជូនអូនយ៉ាងពិសេសអូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូនទទួលបានពីបងគឺក្តីស្រឡាញ់នឹងការយកចិត្តទុក ដាក់មើលថែគ្រប់ពេលវេលា កាដូទាំងនេះមានតំលៃបំផុតសំរាប់អូនអរគុណបងគ្រប់យ៉ាង » ។
លី ម៉ារីណា មិនត្រឹមតែហៅបុរសរូបនោះថា បងៗពេញៗមាត់នោះទេ នាងថែមទាំងដាក់រូបបេះដូងនៅក្នុងសាររបស់នាងផងដែរ ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនបាន ខមមិនជូនពរនាង មានក្តីសុខ និង មានសុមង្គលជាមួយដៃគូថ្មី ។
ថ្វីដ្បិតតែបានបង្ហាញពីជំរៅចិត្តដ៏ធំធេងចំពោះបុរសដែលនៅក្បែរនាងបែបនេះក្តី លី ម៉ារីណា នៅពុំទាន់បញ្ជាក់ពីអត្ថសញាណបុរសម្នាក់នេះថាជានរណានៅឡើយទេ ។ លី ម៉ារីណា គ្រាន់តែនិយាយយ៉ាងខ្លីថា « បន្តិចទៀតគ្រប់គ្នានឹងបានដឹងហើយ » ។
នេះជាលើកទីមួយហើយដែលតារាសម្តែងមេម៉ាយកូនមួយ លី ម៉ារីណា បង្ហាញមុខមាត់បុរសអាថ៌កំបាំងក្នុងចិត្តឱ្យទស្សនិកជនបានដឹងលឺ បន្ទាប់ពីបែកបាក់ស្វាមីអស់ជាច្រើនឆ្នាំ ។ បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈបានបង្ហើបប្រាប់ថា លី ម៉ារីណា និងបុរសរូបនោះត្រៀមនឹងរៀបការក្នុងពេលឆាប់ៗខាងមុខ ដូច្នេះហើយទើបនាងបង្ហាញមុខគូស្នេហ៍ក្នុងថ្ងៃពិសេសឱ្យគ្រប់គ្នាបានដឹង ៕