ស្របពេលតារាសម្តែង ទេព កញ្ញា រងចាំស្វាមីមកទទួលចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងអន្ទះសារ នាងបានសម្រេចចិត្តឈប់ពីសិល្បៈដើម្បីមានពេលវេលាមើលថែកូនស្រីជាទីស្រឡាញ់របស់ខ្លួនវិញ ដោយស្វាមីនាងមិនឱ្យនាងលំបាកនៅក្នុងជីវភាពឡើយ ។
ទស្សនិកជនស្នេហាវិស័យភាពយន្តនៅតែទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់តារាសម្តែង ទេព កញ្ញា ដូចមុនដែល ដូចដឹងស្រាប់ហើយថា ទេព កញ្ញា ធ្លាប់ជាតារាសម្តែងល្បីឈ្មោះក្នុងរឿងភាគជាច្រើន មិនថាសម្តែងជាតួកាច ឬ តួស្លូត គឺនាងធ្វើបានយ៉ាងល្អ ថែមទាំងទទួលបានការសរសើរយ៉ាងច្រើនពីអ្នកដឹកនាំរឿង ។ តែអ្វីដែលគួរឱ្យស្តាយនោះគឺ ចាប់តាំងពីរៀបការរួច ស្វាមី ទេព កញ្ញា មិនបានឱ្យនាងប្រកបអាជីពសិល្បៈទៀតទេ ពីព្រោះស្វាមីនាង មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពនាងនិងកូនស្រីមិនឱ្យលំបាក ។
តាមពិត ទេព កញ្ញា ក៏មិនចង់ឈប់ពីអាជីពសិល្បៈនេះដែរ ពីព្រោះអាជីពនេះបានធ្វើឱ្យនាងមានមុខមាត់ កេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃនេះ ។ ទេព កញ្ញា បានប្រាប់ថា នាងនៅតែស្រឡាញ់សិល្បៈហើយក៏មិនចង់ បោះបង់អាជីពនេះចោលដែរ តែគួរឱ្យស្តាយនាងត្រូវមើលថែកូនស្រី ដូច្នេះនាងសម្រេចចិត្តឈប់ពីអាជីពនេះតែម្តង តែបើមានឱកាសនាងមិនវិលត្រឡប់មកវិស័យនេះជាថ្មីម្តងទៀត ។
ក្រៅពីមូលហេតុខាងលើ តាមពិតមានមូលហេតុធំមួយទៀតដែលធ្វើឱ្យ ទេព កញ្ញា សម្រេចចិត្តបោះបង់អាជីពសិល្បៈចោល គឺដោយ សារតែស្វាមីនាងជាមនុស្សប្រចណ្ឌច្រើន មិនចង់ឱ្យនាងសម្តែងឈុតអោបថើប ឬ ប៉ះដៃប៉ះជើង ជាមួយតួប្រុសណាស់ម្នាក់ទេ ដោយមិនអាចប្រកែកនិងបំណងរបស់ស្វាមី ទើប ទេព កញ្ញា សម្រេចចិត្តធ្វើតាមស្វាមីបណ្តូលចិត្ត ។
គួរបញ្ជាក់ផងដែរ ស្វាមី ទេព កញ្ញា បានរៀបចំឯកសារឱ្យនាងនិងកូចេញទៅរស់នៅ សហរដ្ឋអាមរិក ដោយស្របច្បាប់ហើយ រងចាំ តែស្ថានទូត អាមេរិក ផ្តល់ទិដ្ឋការសម្រាប់នាងតែប៉ុណ្ណោះ ។ ទេព កញ្ញា បានបញ្ជាក់បន្ថែមទៀតថា យ៉ាងយូរមួយឆ្នាំទៀតនាងនឹងកូនបានចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមីហើយ តែក្នុងរយៈពេលនេះស្វាមីនាងឧស្សាហ៍ចុះឡើងស្រុក ខ្មែរ មើលប្រពន្ធកូនសិន ជាក់ស្តែងស្វាមីនាងទើបតែត្រឡប់ទៅ សហរដ្ឋអាមេរិក វិញកាលពីពាក់កណ្តាលខែ ឧសភា នេះ ៕