ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ធ្វើពិធីអបអរសាទទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាព ជំនួសឲ្យដំណាំថ្នាំជក់។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ដោយដាក់ចេញនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗជាបន្តបន្ទាប់។ ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជននិងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ជាដើម និងបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញការអនុវត្តច្បាប់ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត អនុវត្ត ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាឲ្យមានប្រសិទ្ធភាព ជំរុញការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់ដើម្បី បង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី ចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ យុវជន យុវនារីគ្រប់រូប កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ទោះជាក្នុងទំរង់ណាក៏ដោយ។ អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ សូមលះបង់ទម្លាប់បើ ប្រាស់ផលិតផលថ្នាំជក់ ដោយស្វែងរកការគាំទ្រត្រឹមត្រូវពីមណ្ឌលសុខភាព។
សូមបញ្ជាកថា ទិវាពិភពលោកគ្មានថ្នាំជក់ ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ របស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ព្រម ទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការ ប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកឆ្នាំ២០២៣ នេះ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ជូនក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលជោគជ័យក្នុងការជំរុញយ៉ាងសកម្មក្នុងការអនុវត្តគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី៕