លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5។ លោកជំទាវបញ្ជាក់ថា ការកេីនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។
យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួលយកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។
លោកជំទាវបានគូសបញ្ជាក់ថា យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ និងត្រូវតែបន្តការពារ និងត្រៀមលក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្ត ការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ អក្ខរា