ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាបានជ្រាបច្បាស់ហើយថាកាលពីប៉ុន្មានថ្ងៃមុននេះតារាកំប្លែង នាយវ៉ាងអង បានបង្ហាញអារម្មណ៍ មិនស្បាយចិត្ត លើ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំការសាងសង់ផ្ទះយឺតជូនលោក ប៉ុន្តែយ៉ាងណាថ្មីៗនេះ តារាកំប្លែងរូបនេះបានបង្ហាញក្តីរីករាយក្រោយទទួលបានដំណោះស្រាយសមរម្យមួយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។
នាង វ៉ាងអង បានបង្ហោះរូបភាពជាច្រើនជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមនឹងសារដែលមានអត្ថន័យថា «ក្រោយពីបានជួបនិងអ្នកឧកញ៉ាផ្ទាល់កាលពីព្រឹកមិញនេះធ្វើអោយខ្ញុំកាន់តែយល់ច្បាស់ពីភាពសាមញ្ញរបស់អ្នកឧកញ៉ា និងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន! ជាពិសេសចំពោះរូបខ្ញុំដែលជាសិល្បះមួយរូប..បេះដូងសិល្បៈនិងការស្រឡាញ់សិល្បៈរបស់អ្នកឧកញ៉ាពិតជាធំធេងណាស់ ខ្ញុំសូមស្ងើចសរសើរដោយស្មោះ!
ហើយខ្ញុំក៏ព្រមទទួលយកដំណោះស្រាយរបស់អ្នកឧកញ៉ាផងដែរ។ចំពោះអតិថិជនដែលផ្ទះមិនទាន់សាងសង់ហើយក្រុមហ៊ុនក៏មានផ្ទះអោយនៅជាបណ្ដោះអាសន្នដើម្បីកាត់បន្ថយការចំណាយផ្សេងៗ! ទឹកចិត្តរបស់អ្នកឧកញ៉ានិងការទទួលខុសត្រូវសំរាប់រូបខ្ញុំនិងអតិថិជនពិតជាធំធេងណាស់។ដូច្នេះហើយសូមអោយអតិថិជននៅគំរោងផ្លូវជាតិ6Aទាំងអស់កុំមានការព្រួយបារម្មណ៍! ជួបបញ្ហាគាត់និងដោះស្រាយអោយយើង ហើយគាត់នៅគំរោងរង់ចាំអតិថិជនជារៀងរាល់ថ្ងៃ សូមអរគុណ»។
ជាមួយនឹងការលើកឡើងរបស់ នាយវ៉ាងអង បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈក៏ដូចជាអ្នកគាំទ្ររបស់តារាកំប្លែងរូបនេះបានបង្ហាញក្តីរីករាយក្រោយលោកទទួលបានដំណោះស្រាយដ៏ល្អប្រសើរមួយ ។ គួរបញ្ជាក់ថា នាយវ៉ាងអង បានទិញផ្ទះនៅបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា តែក្រោយផុតកិច្ចសន្យារយៈពេលជាច្រើនខែលោកនៅតែមិនទាន់ទទួលបានផ្ទះឃើញមានតែស្លឹកគ្រៃពីរគុម្ពទើបធ្វើឱ្យតារាកំប្លែងរូបនេះកើតទុក្ខមិនសុខចិត្តរៀបរាប់អារម្មណ៍តាមបណ្តាញសង្គម ប៉ុន្តែយ៉ាងណាពេលនេះនាយក៏ទទួលបានដំណោះស្រាយដ៏ល្អមួយក្រោយពីបានចរចាជាមួយគ្នាជាមួយអ្នកឧកញ៉ាកាលពីពេលថ្មីៗនេះ៕