ប្រមុខរាជរដ្ឋាភិបាលក្រើនរំលឹកថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយកម្មករនិយោជិតទាំងអស់នឹងនៅធ្វើស្រែចម្ការ

ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ សរុបជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករ និយោជិត ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។ សម្ដេចតេជោក៏បានអំពាវនាវឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នានៅពេលខាងមុខ ហើយជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលអាចដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀតនៅពេលខាងមុខ។

សម្តេចតេជោក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត ខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក ហើយ ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែរោងចក្រ និងកម្មករ ឲ្យបាន ជាពិសេសដោះស្រាយទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ៕

អត្ថបទ៖ អក្ខរា