សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា វិធីដណ្តើមតាមដំណើរមិនមែនប្រជាធិបតេយ្យដោយក្រុមជ្រុលនិយម គឺមិនត្រូវអត់ឱនទេ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមទាំងអស់ថា “ចង់បានអំណាចដូចម្តេចដែរ គឺក្រុមនេះ ប្រើប្រាស់វិធីសាស្ត្រមិនប្រជាធិបតេយ្យចង់បានអំណាច ចង់ឲ្យគេសម្លាប់ហ៊ុន សែន ចាប់ហ៊ុន សែន ចង់ឲ្យកម្លាំងប្រដាប់អាវុធបែរកាណុងមកបាញ់ហ៊ុន សែន តើអ្នកឯងយល់យ៉ាងម៉េច?”
សម្តេតេជោចាត់ថា នេះជាវិធីដណ្តើមអំណាចក្នុងដំណើរមិនមែនប្រជាធិបតេយ្យ ពីក្រុមជ្រុលនិយមបែបនេះ ដែលមិនត្រូវអត់ឱនទេ បើមិនដូច្នោះប្រទេសកម្ពុជា នឹងរងគ្រោះជាថ្មីម្តងទៀត។
ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដល់មិត្តបរទេសទាំងឡាយ ដែលនៅពីក្រោយ ឬគាំទ្រជំនួយស្មារតី សម្ភារៈ និងថវិកាដល់ក្រុមប្រឆាំង ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សូមដកខ្លួនចេញ ដោយរដ្ឋបាលនឹងស្រាវជ្រាវឲ្យដល់រឹសគល់ ហើយទុកឲ្យកម្ពុជាប្រើប្រាស់ច្បាប់ និងសកម្មភាពផ្សេងៗដើម្បីភាពសុខសាន្តប្រទេសជាតិ និងភាពសំបូរសប្បាយរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា