រំឭក​ខួប​ ៦៥ឆ្នាំ​កម្ពុជា-ចិន៖ បណ្ឌិត សុខ ទូច ថា​ចិន​បាន​ចាក់​បញ្ជូល​ឈាម​របស់​ខ្លួន​ ចូល​ក្នុង​ស្រទាប់​ប្រជាជន​កម្ពុជា​

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងទំនាក់ទំនងដ៏ជ្រៅរវាងកម្ពុជា និង​ចិន មានចំណុចសំខាន់ៗ ដូចជា ចិនបានចាក់បញ្ជូលឈាមរបស់ខ្លួន ចូលក្នុងស្រទាប់ប្រជាជនកម្ពុជា, វប្បធម៌​ចិនបានហូរចូលប្រទេសកម្ពុជាដោយឥតដឹងខ្លួន ហើយទទួលយកគ្រប់ស្រទាប់វណ្ណនៃប្រជាជនកម្ពុជា។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងវេទិកាវិទ្យាសាស្រ្តស្ដីអំពីទំនាក់ទំនងកម្ពុជា-ចិន និងរំឮកខួប៦៥ឆ្នាំ នៃចំណងការ​ទូតរវាងកម្ពុជា-ចិន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា និងតាមប្រព័ន្ធ Zoom។

បើតាមឯកឧត្តម ដើមឈើនៃមិត្តភាពកម្ពុជា-ចិន រីកធំធាត់ និងចាក់រឹសយ៉ាងជ្រៅរយៈពេល ៦៥ឆ្នាំមកនេះ បាន​​ធ្វើឲ្យប្រទេសទាំងពីរពេញចិត្ត។ ឯកឧត្តមបន្តថា សមិទ្ធផលនេះ កើតចេញពីកិច្ចសហប្រតិបត្តិការ និងការកសាងជោគវាសនាសហគមន៍រួមគ្នា កម្ពុជា-ចិន និងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ ដែលបានរួមចំណែកដល់សន្តិភាព ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

គួរជម្រាបថា កម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបអនុស្សាវរីយ៍លើក​ទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរយៈពេល៦៥ឆ្នាំ កម្ពុជា-ចិន ដែលជាមិត្តដែក​ថែបបានកំពុងឈានដល់កម្រិតនៃការកសាងសហគមន៍រួមជោគវាសនាតែមួយ។

ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយបានពូនជ្រុំ និងថែរក្សាយ៉ាង​យកចិត្តទុកដាក់ដោយព្រះករុណា ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់។ ចំណងមិត្ដភាព​ជាប្រពៃណី និងយូរអង្វែងរវាងកម្ពុជា និងចិន ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប្រសិដ្ឋនាមជា «មិត្តដែកថែប»។ យុគសម័យថ្មីនេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីងពីង គឺទំនាក់ទំនងបានបន្តរីកចម្រើនជាបន្តបន្ទាប់ និងឈានទៅដាក់ចេញកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ដែលហៅថា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»៕

អត្ថបទ៖ អក្ខរា