សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន។ ក្នុងនោះ សម្តេចតេជោ យល់ថា បក្សភ្លើងទៀនមានចេតនាធ្វើឲ្យបាត់ឯកសារចុះឈ្មោះ ហើយខកខានចូលរួមបោះឆ្នោត ដែលនេះជាឧបាយកលមួយ ដើម្បីធ្វើបរទេសដាក់សម្ពាធមកលើកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍ថា “គណបក្សខ្លះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មធនុញ្ញទាត់ចោលមិនឲ្យចុះឈ្មោះ មានគណបក្ស២ ក្នុងចំណោមគណបក្ស២០។ សំបុត្រកំណើត១សន្លឹក ខ្ញុំមិនជឿថា ធ្វើឲ្យបាត់ទេ វានៅជាមួយនរណាម្នាក់ ដែលជាមេដឹកនាំ, ខ្ញុំវិភាគនៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថាចាញ់ ប៉ុន្តែអ្វីដែលគេចង់បាន គេយកបរទេស មក គៀបកម្ពុជា”។
សម្តេចបន្តថា នេះជាឧបាយកលរបស់មេបក្សនេះ ដែលគោលដៅរបស់គេចង់ឲ្យមានការប្រឈមជាមួយបរទេសខ្លះដែលស្រឡាញ់ពួកគេនោះ តិះទៀនមកលើរដ្ឋាភិបាលកម្ពុជា។ សម្តេចចាត់ទុកថានេះជាឧបាយកលថោកទាបរបស់អ្នកទាំងនោះ ដើម្បីបង្កហេតុ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ហើយសម្តេចអំពាវនាវឲ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត៕
អត្ថបទ៖ អក្ខរា