អង្គការមាតាធម្មជាតិ ដែលដឹកនាំដោយលោក ម៉េង ហេង ជាប្រធាន បានបង្ហាញការសោកស្តាយចំពោះសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលពុំបានសិក្សាឲ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនិងគម្រោងអភិវឌ្ឍន៍ ដែលបានធ្វើឲ្យខាតបង់នូវផលប្រយោន៍ជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អង្គការមាតាធម្មជាតិ បានយល់ឃើញថា ក្រុមសកម្មជន បរិស្ថានយុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលតែងតែធ្វើការរិះគន់ និងរារាំងដល់គម្រោងអភិវឌ្ឍន៍ នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ។
អង្គការមាតាធម្មជាតិ បានលើកយកករណីថ្មីៗនេះ មកបង្ហាញ គឺករណីនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មានយុវជនមួយចំនួនបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្នុងគោលបំណង ស្នើបញ្ឈប់កាត់ដីឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលមានទីតាំងស្ថិតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ករណីនេះអង្គការមាតាធម្មជាតិ បានសង្កេតឃើញថា ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្សកំណត់ដោយព្រះរាជ ក្រឹត្យ មានផ្ទៃដីជាង ៣ម៉ឺន៥ពាន់ហិកតាត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ កាត់ឆ្លៀល ដីឧទ្យាជាតិគិរីរម្យតែជាង២០០ហិកតា ជួលទៅឲ្យក្រុមហ៊ុន វ៉នម៉រ (One More) ក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋ ដោយមិនធ្វើឲ្យប៉ះពាល់បរិស្ថាននោះទេ។