រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់ឆ្នាំ២០២៨-២០៣០ នៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅមហាសន្និបាតអ.ស.ប នៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ឆ្នាំ២០២៧ និងជាសមាជិកនៃគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅមហាសន្និបាតអ.ស.ប ទីក្រុងញូវយ៉ក ឆ្នាំ២០២៤។
សំណើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវ អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ក្រោយលោកជំទាវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សា និងស្របទស្សនៈគ្នាថា កម្ពុជា និងរវ៉ាន់ដា គួរតែស្វែងរកឱកាសក្នុងការកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានស្នើឱ្យប្រទេសទាំងពីរ ជំរុញទំនាក់ទំនង/កិច្ចពិភាក្សាដោយផ្ទាល់ឬតាមប្រព័ន្ធវីដេអូ រួមទាំងការពិគ្រោះទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងក្លាយជាវេទិកា ដើម្បីស្វែងរកមធ្យោបាយ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ឯកឧត្តមក៏បានលើកឡើងថាប្រទេសទាំងពីរគួរប្រារព្ធខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៥ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង/MoU មួយចំនួន៕
អត្ថបទ៖ អក្ខរា