រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងកែសម្រួលបែបបទមួយចំនួន សម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ញ បានដឹកនាំកិច្ចប្រជុំបន្តលើការកែសម្រួលនេះ ក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសឲ្យស្របទៅនឹងស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។
ជាងនេះទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ និងកាតព្វកិច្ចមួយចំនួនចំពោះជនបរទេស ដែលត្រូវបំពេញមុនពេលធ្វើដំណើរចូល អំឡុងពេលស្នាក់នៅ និងមុនពេលចាកចេញពីកម្ពុជា សំដៅធានារក្សាបានទាំងផលប្រយោជន៍ សន្តិសុខ សុវត្ថិភាពរបស់ជនបរទេស និងសង្គមជាតិទាំងមូល។
គួរជម្រាបថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ មានជនបរទេស ៥.៨២៥នាក់ មកពី៤២សញ្ជាតិ ដោយក្នុងនោះជនជាតិថៃ, ចិន និងវៀតណាមច្រើនជាងគេ ត្រូវបានសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់បញ្ជូនពួកគេទៅប្រទេសវិញ។ ការចាប់ខ្លួន និងបណ្តេញជនបរទេសទាំងនោះ ចេញគឺដោយសារពួកគេបានប្រព្រឹត្តខុសនិងច្បាប់នៅកម្ពុជា ដូចជាការចូលមកធ្វើការងារដោយពុំមានឯកសារត្រឹមត្រូវ និងលួចចូលស្រុកខ្មែរតាមផ្លូវកាត់ជាដើម។
ក្រៅពីចាប់ខ្លួន និងបណ្តេញពជនបរទេសនោះចេញពីកម្ពុជា ក៏នៅមានជនបរទេសមួយចំនួនទៀតកំពុងលាក់ខ្លួនផងដែរ ដែលអាជ្ញាធរកំពុងស្រាវជ្រាវតាមចាប់ ពោលគឺអាជ្ញាធរមានសមត្ថកិច្ច មិនអនុញ្ញាតឲ្យពួកគេរស់នៅដែលខុសច្បាប់នោះឡើយ៕
អត្ថបទ៖ អក្ខរា