ក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា គឺឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំកូនខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។
ត្រង់ចំណុចនេះ សម្តេចតេជោ សុំអង្វរកឲ្យប្រុងប្រយ័ត្នចំពោះការឆ្លាក់ព្រះភ័ក្រពុទ្ធបដិមា គឺធ្វើឲ្យត្រូវតាមក្បួនខ្នាត ជៀសវាងការដាក់ឲ្យប្រើប្រាស់រួចមិនអាចកែតម្រូវ ឬកម្ទេចចោលបានឡើយ។
សម្តេចមានប្រសាសន៍ថា៖ “បញ្ហាដែលត្រូវប្រុងប្រយ័ត្ននៅកន្លែងនេះ ខ្ញុំសុំអង្វរកធ្វើយ៉ាងមិចការចាក់បដិមា ចាក់ព្រះត្រូវធ្វើឲ្យត្រូវតាមក្បួនខ្នាត មានកន្លែងមួយខ្ញុំស្តាយ ខំធ្វើវិហារ ធ្វើវត្តអស់លុយមិនចេះតិច ស្រាប់តែចាក់ព្រះមុខក្រម៉ូវ ទៅដុតធូបថ្វាយបង្គំម្តងៗមើលតែមុខព្រះ មុខក្រម៉ូវដាក់ម៉ង អាហ្នឹងមកពីពុម្ពចាក់មិនត្រូវ ហើយត្រូវប្រុងប្រយ័ត្នតែកាលណាយើងដាក់ឲ្យប្រើប្រាស់ ធ្វើអភិសេកហើយ គ្មានអ្នកណាហានទៅវាយចោលទេ ចឹងទេ៥០ឆ្នាំ ១០០ឆ្នាំទៀត ក្មេងៗជំនាន់ក្រោយយល់ច្រឡំថា ព្រះមុខបែបនេះ”៕
អត្ថបទ៖ អក្ខរា