សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសុំទោសជារបស់លោក ជា ប៉ូច ចំពោះសម្តេចនាពេលនេះ គឺមិនគ្រប់គ្រាន់ទេ ដោយសារលោក ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ សម្តេចគូសបញ្ជាក់ថា មនុស្សណាក៏ដោយឲ្យមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់ (សម រង្ស៊ី មិនអាចទទួលបានការយោគយល់ពីសម្តេចនោះឡើយ។
តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែឧសភាពនេះ សម្តេចបានលើកឡើងថា៖ “សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូចមិនគ្រប់គ្រាន់ទេព្រោះជា ប៉ូច ជា មនុស្សក្រឡិចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមជា ប៉ូចរយៈពេលជាង ៤ឆ្នាំតែ ទីបំផុតខ្ញុំបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់)របស់ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ ៣ជំនាន់ទៅវិញ។ គិតខ្លួនឯងទៅប៉ូចព្រោះខ្ញុំមិនអាចទុក មនុស្សដូចប៉ូចឲ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ។ ត្រូវចងចាំថាមនុស្សណាក៍ដោយឲ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ជំនាន់ មិនអាចទទួលបានការយោគយល់ពីហ៊ុន សែននោះឡើយព្រោះអាមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។មនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះនឹងទទួលបាននូវការលើកលែង ឬយោគយល់”។
ការបញ្ជាក់ជំហររបស់សម្តេចតេជោ ហ៊ុន សែននាពេលនេះ បន្ទាប់ពី លោក ជា ប៉ូច បានចេញលិខិតសុំទោសដែលមានគោលដៅទម្លាក់សម្តេចតេជោ ហ៊ុន សែន។ ក្នុងលិខិតលោក ជា ប៉ូច បានសរសេរថា៖ “ដោយសារ ការនិយាយរបស់ខ្ញុំនៅពេលនោះខ្វះការពិចារណា និយាយមិនបានគិតវែងឆ្ងាយ ធ្វើឲ្យការប៉ះពាល់យ៉ាងធ្ងន់ចំពោះសម្តេចតេជោ ជាវីរជនដែលបាននាំសន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា”។ លោកបាន សូមសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិមិនគប្បីចំពោះសម្តេចតេជោនាពេលកន្លងទៅ៕
អត្ថបទ៖ អក្ខរា